July 31, 2008

ចងស្ពានមេត្រី វគ្គ 4 (ត)

Amaravatey អមរាវត្តី 

  វគ្គ 01

 វគ្គ 02

 វគ្គ 03

 វគ្គ 04

 វគ្គ 05

វគ្គ 06

 វគ្គ 07

 វគ្គ 08

 វគ្គ 09

វគ្គ 10


ចងស្ពានមេត្រី វគ្គ

(បទពាក្យ)

- មនោពេជ្រខឹងពេជ្រវិលទៅផ្ទះ ដើរកាត់ព្រៃល្បះឃើញផ្នូរឪ
ដែលឋិតនៅពាក់កណ្ដលផ្លូវ ពេជ្រស្ទុះទៅឱបផ្នូរយំ។
- «ពុកអើយសូមពុកជួយកូនផង មិនគួរឡើយបងគ្រោតវាយដំ
ទាំងមាមីងសោតព្រួតស្អប់ខ្ញុំ មើលទៅមិនសមបងប្អូនសោះ!..»។
- ពេលដែលពេជ្រថ្លែងវិយោគទុក្ខ ប្រពន្ធមេស្រុកចិត្តសប្បុរស
ជិះរទេះមកតាមផ្លូវនោះ អមរាឆោមស្រស់អង្គុយជិត។
- ឃើញពេជ្រឱបផ្នូរយំរហាម អមរាសួរភ្លាមដោយអាណិត
ម្ដេចមិនឃើញទេយ្យទាននៅជិត ខ្ញុំឲ្យច្រើនពិតបាត់ទៅណា?
២០០- ពេជ្រលាក់មិនប្រាប់តាមការពិត សុខចិត្តប្រឌិតរឿងផ្សេងថា៖
«ទេយ្យត្រូវពួកក្មេងពាលា ព្រួតគ្នាដណ្ដើមយកអស់ហើយ។
- អមរាវត្តី ឮដូច្នោះ កើតចិត្តស្រណោះពេជ្រឥតស្បើយ
ថា៖ «ឈប់យំទៅណ៎ាពេជ្រអើយ បើអស់ទេយ្យហើយខ្ញុំឲ្យទៀត!»។
- លោកស្រីស្រដីបន្ថែមថា៖ «ក្មួយកុំសោកានាំចង្អៀត
ល្ងាចទៅផ្ទះអ៊ំៗឲ្យទៀត ចាំឲ្យអាំឆ្លៀតរៀបទុកឲ្យ។
- ចុះពួកក្មេងខូចខិលគួរខ្ពើម ដែលមកដណ្ដើមយកអំណោយ
ក្មួយស្គាល់មុខទេក្រែងថ្ងៃក្រោយ អ៊ំឲ្យគេស្ដីប្រដៅវា..?»។
- ម្ដងនេះទើបពេជ្រដាច់ចិត្តឆ្លើយ «គ្មានអ្នកណាឡើយក្មេងពាលា
គឺឈ្មោះបងគ្រោតកូនមីងមា ព្រួតគ្នាវាយយកកណ្ដាលផ្លូវ»។
២០៥- ដឺងហើយអ្នកស្រីនិងអមរា ក៌លាពេជ្រជិះរទេះទៅ
ឯពេជ្រត្រឡប់មកខ្ទមស្បូវ ជួបម្តាយប្រុងទៅកាន់ទូផ្សារ។
ពៅក៌សួរកូនពីរឿងទាន បនោពេជ្រក៌បានប្រាប់មាតា
តាមរឿងដែនក្រោតព្រួតផ្តន្ទា ព្រមទាំងមីនមាជេរស្តទៀត។
ឭហើយពៅឆ្លើយថាកុំខឺង ព្រោះយើងក្រហ្នឺងទើបគេឆ្លៀត
ជិះជាន់ពន្លិចគ្រប់ល្បិចស្នៀត នឺកឡើងចង្អៀតចិត្ត​ពេកក្រៃ។
រួចហើយពេជ្រថាជំទាវសុខ ល្ងាចនេះឃ្មាតខ្មីទៅផ្ទះហគាត់។
ពៅថាកុំទៅអីកូនអើយ កុំចង់បានឡើយសុខចិត្ត​អត់
ទោះអាំអាណិតកូនកំសត់ តែថាមេស្រុគាត់មិនស្រួលទេ
២១០- ចាំម៉ែទៅផ្សារទិញក្ដាឈ្នួន ស្អែកឲ្យកូនស្ងួនរៀននឹងគេ
មានតែចំណេះវិជ្ជាទេ ទើបអាចរិះរេជួយយើងបាន។
- ចប់ពោលពៅទូលល្អីចេញទៅ ពេជ្រអង្គុយនៅក្បែរចង្រ្ដាន
ចាំម្ដាយយូរពិតចិត្តរំខាន ប្រុសប្រាណកួចនឹកដល់សំដី។
- ទើបសំរេចចិត្តចេញពីផ្ទះ រួតរះទៅផ្ទះអមរាវត្តី
ដល់ហើយលបក្បែរដើមចំប៉ី ឃើញវិគ្រោត ក្រៃនិងមាលា។
- អង្គុយពីមុខលោកនិម្មិត ជំទាវនៅជិតនាងអមរា
មានកំណាត់ថ្មីស្បៃភ្ញីផ្កា និងផ្លែផលាដាក់ពេញតុ។
- មានខ្ញុំកំដរឈរឆ្វេងស្ដាំ ពេជ្រពួនសម្ងំមើលទៅមុខ
ឃើញក្រៃហុចមាសឲ្យមេស្រុក ឯជំទាវសុខធ្វើវាហី។
២១៥- ក្រៃថា៖ «ខ្ញុំមកនេះប៉ុនប៉ង សូមចងជាស្ពានមានមេត្រី
ខ្ញុំមានកូនប្រុសលោកកូនស្រី ភ្ជាប់ពាក្យសំដីដណ្ដឹងទុក។
- ដល់ពេលវាធំសុំរៀបការ កសាងគ្រួសារទៅថ្ងៃមុខ
យើងរៀបឲ្យធំពេញបន្ទុក សូមលោកមេស្រុកទុកចិត្តចុះ»។
- មេស្រុកមុខស្រស់ដូចថ្ងៃរះ លូកដៃយកមាសគ្មានតុញតុះ
យល់ព្រមតាមពាក្យក្រៃទាំងអស់ ជំទាវជំទាស់ថា៖ «កុំអាល!។
- ព្រោះកូននៅតូចដូចក្រូចខ្ចី មិនទាន់ដឹងអីរឿងអម្បាល
ចាំពេលវាធំដឹងធ្ងន់ស្រាល នោះទើបសមកាលនឹងគិតគូរ»។
- មេស្រុកឆ្លើយកាត់មាត់ភរិយា «រឿងពេលវេលាឆាប់ឬយូរ
មិនសំខាន់ឡើយកុំរអ៊ូ ផ្សំផ្គុំជាគូឲ្យហើយទៅ»។
២២០- ក្រៃអួតកូនប្រុសឈ្មោះវិគ្រោត ថា ប្រាជ្ញាលូតឆ្លាតពេកកូវ
ជំទាវឮឈ្មោះមុខក្រញូវ «តើឆ្លាតម្ដេចទៅបើខិលខូច?។
- អាងធំនាំគ្នាទៅបំពាន ដណ្ដើមយកទានពីប្អូនតូច
វាយដំឲ្យយំក្រំអណោច ស្រងេះស្រងោចខ្លោចផ្សាក្រៃ»។
- មាលាឮពាក្យលោកជំទាវ មុខជូរដូចភ្ញៀវខ្វះទឹកត្រី
ដោយខ្លាចខូចរឿងស្ពានមេត្រី ទើបក្លែងបំភ្លៃមួលបង្កាច់។
- «រឿងនេះអញ្ចេះទេលោកស្រី គ្រោតកាលពីថ្ងៃបានឃើញពេជ្រ
បានទេយ្យទានច្រើនក្រែងជ្រុះភ្លេច ធ្លាយពីបង្វិចក៏ជួយកាន់។
- យកមកទុកឲ្យនៅផ្ទះមុន តែពេជ្រលោភលន់ចោទបំភ័ន្ត
ថាគ្រោតកូនខ្ញុំលួចបន្លំ ចង់បានជ័យភ័ណ្ឌពីវាវិញ?។
២២៥- ពេជ្រចោទយ៉ាងនេះគឺបំពាន ព្រោះកូនខ្ញុំមានទ្រព្យពោរពេញ
រឿងអីចង់បានទានវាវិញ គួរឲ្យទោរម្នេញពន់ពេកក្ដាត់។
- មេស្រុកពេញចិត្តពាក្យមាលា ក៏សើចទាល់តែហៀរទឹកមាត់
ថា «អាពេជ្រខូចចង់តែទាត់ សមតែបង្អត់កុំឲ្យឆី ! »។
- អមរាថា៖ «ពេជ្រមិនខិលខូច មិនពាលាដូចវិគ្រោតអី
គេរើសបានឆ្លាកចាន់ច្រើនក្រៃ ជាឧបនិស្ស័យនៃមនុស្សល្អ។
- តែពុកមិនទុកគេជាមិត្ត សុខចិត្តមករាប់មនុស្សភូតភរ
ជំទាវថារឿងគូស្រករ គួរកុំអាលអរគិតមើលសិន។
- មេស្រុកឆ្លើយកាត់ថា «កុំផ្ដាស មើលនែ៎ ខ្សែមាសក្រហមឆ្អិន
គេយកមកឲ្យជាកសិណ គ្មានទេរឿង "មិន" ត្រូវតែ "ព្រម"។

២៣០-

មាសលាថាបើសិនលោកស្រី ចង់បានមាសថ្មីឲ្យពាក់ល្មម
ស្អែកមកទៀតឲ្យតែព្រម ត្រព្យលឿងក្រហមមិនខ្វាស់ទេ។
- ៚មេស្រុកថាយកមកកុំភ័យ រឿងខាងកួនស្រីគ្មានងាករេ
ប្រពន្វកូនមិនធំជាងទេ រងចាំឲ្យតែវាធំចុះ!។
- ជូនជាពេលដែលមេស្រុកស្តី ក្រោមដើមចំប៉ីពេជ្រត្រេះត្រុះ
បំរើម្មាកឃើញឆ្ងល់ហើយស្ទុះ ទៅចាប់ទាញអូសពេជ្រចេញមក។
- បង្ហាញមេស្រុកមុខរាល់គ្មា ក្រៃ​​ ក្រោតមាលា អាំនិងសុខ
ពេជ្រខ្មាស់អៀនភ័យដៃបាំងមុខ រួចទើបមេស្រុកស្រែកទាំងខ្នាញ់។
- នែ អាក្មេងព្រើលមិនមើលប្រាណ ម្តេចហានក្លាហានចូលផ្តះអញ
ចូលមកគ្មានច្បាប់គួរឲ្យជ្រិញ តាមខ្នាញ់ត្រូវវាយហាសិបកផ្តៅ។

២៣៥-

ពេជ្រថាខ្ញុំមកតាមបណ្ដាំ គឺនាងតូចអាំផ្ដាំតាមផ្លូវ
ថាឱ្យមកយកទានឥឡូវ បើគ្មានអ្នកហៅមិនហ៊ានទេ។
- អ្នកស្រីឆ្លើយភ្លាមថាមែនពិត ព្រោះខ្ញុំមានចិត្តអាណិតគេ
ឱ្យមកយកទេយ្យមិនខុសទេ អាំអើយចូរមេមកយកចុះ!។
- គ្រាដែលអមរាស្រវាទេយ្យ រៀបហុចដល់ដៃពេជ្រពេលនោះ
មេស្រុកក្រោធខឹងប្រឹងងើបស្ទុះ មកឃាត់ចាប់អូសអាំឲ្យថយ។
- ស្រែកថា នែអាក្មេងចង្រៃ ចុះក្រែងទានទេយ្យគ្រោតទុកឲ្យ
ម្ដេចមិនទៅយកឯណោះហើយ អាឈ្លើយមកទៀតធ្វើអី?
- មាលាខឹងពេកខំស្រែកដេញ ថានែ៎ ថយចេញអាចង្រៃ!
ទេយ្យនៅឯផ្ទះតាំងពីថ្ងៃ ម្ដេចមិនឃ្មាតខ្មីទៅឆាប់រ៉ា។

២៤០-

កុំមករំខានដូចមមង់ ព្រោះអញកំពុងតែមានការ
ពេជ្រងាកទៅមើលនាងអមរា ប្រាប់ថាមាមីងមួលបង្កាច់។
- យកទេយ្យអស់ហើយមិនស្បើយចិត្ត ថែមទាំងប្រឌិតកែក្រឡាច់
ហាក់ដូចជាមិនជាប់ជាឈាមសាច់ ជេរស្ដីប្រទេចយ៉ាងគ្រោតគ្រាត។
- ម្ដងនេះមេស្រុកក្រោកកំហែង នែ៎វ៉ើយ អាដែងចាំអីទៀត
អូសក្បាលអាដែងចោលម្សៀត កុំឲ្យនៅបៀតអញឲ្យសោះ។
- បើវាចចេសមិនព្រមទៅ វាយហាសិបផ្កៅកុំស្រណោះ
ព្រោះវាព្រហើនហ៊ានលោតផ្លោះ ចូលផ្ទះអញខុសដូចចោរប្លន់។
- ពេជ្រយល់មិនស្រួលក៏ស្ទុះរត់ មិនឲ្យគេទាត់ធាក់ខ្លួនទាន់
ក្រៃសម្លក់ពេជ្រដោយខ្នាញ់ខ្នាន់ តែអាំតូចតន់សែនអាណិត។

២៤៥-

នាងតាមមើលពេជ្រដោយភ្លេចខ្លួន តាមនិស្ស័យជួនពីអតីត
តែទាស់ឪពុកចិត្តអមិត្ត គ្មាននឹកអាណិតពេជ្រសោះឡើយ។
- ពេជ្រវិញទៅផ្ទះពេលព្រលប់ ពៅឈរសញ្ជប់ពុំល្ហែល្ហើយ
ចាំមើលផ្លូវពេជ្រទ្រុងឥតស្បើយ សួរថាៈ "កូនអើយយ៉ាងណាទៅ?" ។
- ពេជ្រឱនមុខចុះសម្លឹងដី ឆ្លើយថា ម៉ែស្ដីចំជាត្រូវ
ហាមឃាត់មិនឲ្យកូនប្រុសទៅ ឥឡូវត្រូវគេជេរស្ដីពិត។
- គេប្រុងវាយដំច្រំថែមទៀត ពៅសែនចង្អៀតណែនក្នុងចិត្ត
ឱបកូនជាប់ទ្រូងដោយអាណិត ទឹកភ្នែកអម្រឹតស្រក់ហូរខ្ចាយ។
- ថ្លែងវិយោគថា ពេជ្រអើយពេជ្រ ចូរកូនកុំភ្លេចបណ្ដាំម្ដាយ
ព្រោះតែយើងក្រទើបគេណាយ នាំគ្នាមើលងាយទាំងបំពាន។

២៥០-

ស្អែកក្រោកពីព្រឹករៀបចំខ្លួន ម្ដាយនឹងនាំកូនឱ្យទៅរៀន
ខំប្រឹងសិក្សាវិជ្ជារបៀន ដើម្បីជាស្ពានទៅថ្ងៃក្រោយ។
- ខំរៀនកុំឲ្យចាញ់អ្នកណា ដុសខាត់ប្រាជ្ញាកុំទន់ខ្សោយ
វិជ្ជាជួយកូនទៅថ្ងៃក្រោយ កុំបីបណ្ដោយធ្លោយឲ្យសោះ។
- លុះព្រឹកព្រាងថ្លាល្អប្រពៃ ពៅស្រីរៀបខ្លួនឲ្យកូនប្រុស
មានក្ដារ ដីស ក្រណាត់ដុស ម្នាម្នាស្ទាស្ទុះឆ្ពោះទៅវត្ត។
- ចំណែកឯនាងមាលាឆ្នាស់ ក៏បានរូតរះផាត់មុខមាត់
លាបក្រេមលាបម្សៅខ្មៅខឹមខាត់ ហើយឲ្យខ្ញុំបររទេះ។
- ជូនក្រៃវិគ្រោតទៅរៀនដែរ ក្រែងនៅរ៉រ៉ែរៀនមិនចេះ
កុំឲ្យមេជេរដៀលត្មិះ ថាកូនមិនចេះអក្សរអី។

២៥៥-

ព្រឹកនោះប្រពន្ធលោកមេស្រុក ក៏រៀបដាក់ទុកអមរាវត្តី
ជូនមករៀនដែរជួបពៅស្រី ដែលដើរដឹកដៃពេជ្រចូលវត្ត។
- ជំទាវសុខសែនអាណិតក្រៃ ពេលឃើញពៅស្រីក្រកំសត់
ពីដើមពៅធ្លាប់មានមុខមាត់ ឥឡូវរលត់ដូចថ្ងៃលិច។
- ជំទាវចង់ឲ្យអាំកល្យាណ បានរៀនជិតគ្នាជាមួយពេជ្រ
គ្រាន់រាប់អានជាមិត្តកុំភ្លេច ព្រោះពេជ្រជាក្មេងនិស្ស័យល្អ។
- រីឯមាលាភរិយាក្រៃ វាយឬកឆ្មើងឆ្មៃមិនអបអរ
មិនចង់ឲ្យពេជ្រកូនអ្នកក្រ នៅរៀនអក្សរវត្តជាមួយ។
- ចង់ឲ្យវិគ្រោតនិងអមរា រៀនសូត្រជិតគ្នាគ្មានក្ដីព្រួយ
ព្រោះចាស់បានផ្សំផ្គុំជាមួយ ជាត្រួយមេត្រីស្ដីរួចហើយ។

២៦០-

ពៅបានសុំគ្រូចៅអធិការ ជួយប្រោសមេត្តាពេជ្រដល់ត្រើយ
មិនឲ្យត្រឡប់ទៅផ្ទះឡើយ គឺនៅវត្តហើយបំរើលោក។
- បានរៀនអក្សរធម៌វិន័យ ថ្ងៃក្រោយប្រពៃមានជ័យជោគ
ចេះទាំងផ្លូវធម៌និងផ្លូវលោក ចិត្តមិនស្មោគគ្រោកស្គាល់បុណ្យបាប។
- លោកគ្រូឆ្លើយថាញោមកុំព្រួយ អាត្មានឹងជួយពេជ្រដរាប
ឲ្យក្លាយជាក្មេងស្គាល់ខ្ពស់ទាប រាបសារសុភាពចាកមន្ទិល។
- ថ្ងៃក្រោយពិតជាឧស្សាហ៍ល្អែង មិនខូចដើរលេងច្រអូសខ្ជិល
បើញោមនឹកវារាល់ថ្ងៃសីល ញោមអាចវិលទៅមកលេងបាន។
- រួចពៅក៏លាលោកត្រឡប់ ដោយអារម្មណ៍ស្ងប់ពេញក្នុងប្រាណ
ខុសពីមាលាចិត្តសាមាន្យ ពេលវិលដល់ឋានបានជួបប្ដី។

២៦៥-

ក៏ទន្ទ្រាន់ជើងជេរប្រទេច ថាគេចពីអាចម៍ថោកអប្រិយ
បែរជាជាន់អាចម៍ដដែលខ្មី នាំឲ្យហឫទ័យក្ដៅអួលណែន។
- ក្រៃស្មានថានាងបណ្ដូលពេជ្រ និយាយពីរឿងអាចម៍មែនទែន
ក៏ស្ទុះក្រោកស្រែកមកទាំងភ្នែន បើជួបអាចម៍មែនម្ដេចមិនជៀស។
- សុខចិត្តដើរជាន់ឲ្យស្អូយជាប់ ជើងហើយត្រឡប់មកដល់ផ្ទះ
មាលាថាកុំនិយាយផ្ដាស់ ខ្ញុំក្ដៅចិត្តណាស់ចង់តែជេរ។
- ព្រឹកម៉ិញពេលដែលខ្ញុំនាំគ្រោតទៅ ស្រាប់តែមេពៅក៏ទៅដែរ
នាំទាំងអាពេជ្រមុខដូចឆ្កែ ឲ្យទៅរៀនដែរជាមួយអាំ។
- អ្នកដន្លងស្រីរាប់រកវា ប្រៀបហាក់ដូចញា្តតិឧត្ដម
រីឯគ្រោតវិញមើលមិនចំ តើមិនឲ្យខ្ញុំខឹងម្ដេចទៅ។

២៧០-

គ្រាន់តែឃើញមុខវាក្ដៅភ្លាម ខ្ញុំចង់តែហាមអាំកល្យាណ
និងគ្រោតកូនយើងទាំងពីរប្រាណ កុំឲ្យទៅរៀននៅវត្តនោះ។
- ចាំរកជួលគ្រូមកបង្រៀន ដល់គេហដ្ឋានយើងវិញសោះ
កុំឲ្យអាំជួបអាពេជ្រនោះ ស្អប់ចង់ឈូសដានជើងចោល។
- ក្រៃមាលាអូនកុំខឹង រឿងអាពេជ្រហ្នឹងដូចស្រមោល
វាក្រីក្រខ្សត់អត់បង្គោល ដូចក្បូនឥតថ្នោលដោយមិនឆ្ងាយ។
- រៀនជាមួយគ្នាក៏រៀនទៅ អាកូនឥតឪថ្នម​កៀកកើយ
រៀនមិនពូកែដូចគ្រោតឡើយ ភ័យអ្វីអូនអើយយើងមានទ្រព្យ។
- ទោះមិនបាច់រៀនក៏មិនភ័យ នៅលើលោកិយ៍នេះគេរាប់
តែកិត្តិយសនិងធនទ្រព្យ ឯវាក្រខ្សត់បានអ្វីរស់? ។

២៧៥-

ឲ្យគ្រោតរៀននេះគ្រាន់លួងចិត្ត មេស្រុកនិមិត្តតែប៉ុណ្ណោះ
និងប្រពន្ធគាត់កុំឲ្យខុស ថាមានកូនប្រុសមិនឲ្យរៀន។
- មេស្រុកយកមាសយើងច្រើនណាស់ មិនហ៊ានក្រឡាស់ទាំងបំពាន
ឲ្យតែកូនធំរៀបការភ្លាម គ្មានអ្វីមកហាមឃាត់បានឡើយ។
- ទោះជំទាវសុខចង់ជំទាស់ ក៏រឿងទាំងអស់ហួសទៅហើយ
មេស្រុកមិនហ៊ាននិងយើងឡើយ មាលាអូនអើយឈប់ព្រួយទៅ។
- មានន្ទវាស្លាប់កប់នៅសៀម ចោលសាច់ចោលឈាមនៅព្រៃជ្រៃ
មានអ្នកណាមករកខុសត្រូវ នៅតែមេពៅម្ដេចនឹងហ៊ាន? ។
- អាពេជ្រនៅតូចដូចស្រមោល យើងញិចក្បាលចោលគ្រប់ពេលបាន
បើវាហ៊ានរឹងទទឹងប្រាណ ចូលមករំខានដល់រឿងយើង។

២៨០-

ចាប់ពីថ្ងៃនេះយើងបានសុខ ឯវារង់ទុក្ខក្ដៅដូចភ្លើង
យើងមានអំណាចបានរុងរឿង ឯវាជាប់គឿងកណ្ដាលកោះ។

2 Comments »

The URI to TrackBack this entry is: http://socheate.blogsome.com/2008/07/31/131/trackback/

  1. Gravatar Image

    សូមជំរាបសួរ ម្ដងទៀត ដោយសាកល្បងកូដមើល ទើបធ្វើឲ្យមានបញ្ហាបន្ដិចបន្ដួច។

    Comment by ង៉ាន់ សុជាតិ — August 9, 2008 @ 8:51 pm

  2. Gravatar Image

    When will u post the next bro, here waiting.

    Comment by Sith — August 25, 2008 @ 4:48 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.