ខេត្តបន្ទាយមានជ័យ ៖ ម៉ាស៊ីនសំរាប់មើលភូមិសាស្ត្រ GPS មួយគ្រឿង ត្រូវបានទាហានឈុតខ្មៅសៀម កញ្ឆក់ចេញពីដៃមន្ត្រីអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យកទៅបោកកំទេចចោល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ ខែសីហា កន្លងមកនេះនៅលើប្រាសាទតាមាន់ធំ ។ ហេតុការណ៍ នេះបានកើតឡើងខណៈដែលប្រតិភូក្រសួងនេះ ចំនួន៦៥នាក់បានទៅធ្វើទស្សនកិច្ចលើប្រាសាទតាមាន់ធំ ។ហេតុការណ៍នេះបានកើតឡើង ខណៈដែលប្រតិភូក្រសួងនេះចំនួន៦៥នាក់បានទៅធ្វើទស្សនកិច្ចលើប្រាសាទ ស្របពេលដែលប្រតិភូនាំជំនួយឧបត្ថម្ភទៅផ្តល់ដល់កងទ័ពកម្ពុជា ក្នុងកងពលតូចលេខ៤២ និងកងវរៈលេខ ៤០២ការពារព្រំដែនគោកខ្មែរ-សៀម ។ នេះគឺជាព្រឹត្តិការណ៍ធ្ងន់ធ្ងរមួយដែលបានបង្កឡើងដោយភាគី ទាហានសៀមខណៈដែលកម្ពុជាក៏បានប្រកាសពីអធិបតេយ្យភាពលើប្រាសាទនោះ ។ ឥរិយាបថរបស់ទាហាន សៀមបានបង្ហាញថា ពួកគេទំនងជាចាត់ទុកប្រជុំប្រាសាទតាមាន់គឺជារបស់ខ្លួន ។ប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានធ្វើដំណើរឡើងទៅកាន់ប្រាសាទតាមាន់ធំលើខ្នងភ្នំដងរែក ដឹកនាំដោយលោកវ៉េង សេរីវុឌ្ឍន៍ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី លោកហ៉ឹម ឆែម លោកឃឹម សារិទ្ធ ជារដ្ឋលេខាធិការនិងមន្ត្រីថ្នាក់ដឹកនាំឯទៀត ជាច្រើនរូប ។លោករដ្ឋលេខាធិការហ៉ឹម ឆែម បានមានប្រសាសន៍ថា យោធាថៃម្នាក់បានកញ្ឆក់យកឧបករណ៍មើលភូមិ សាស្ត្រ GPS ពីដៃក្រុមគណៈប្រតិភូនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី២០ សីហា ២០០៨ នៅលើប្រាសាទតាមាន់ធំ ។ លោកបន្តថា “កងទ័ពថៃម្នាក់នោះបានមើលងាយយើង និង បានមកឆក់យក GPS ពីយើង ដែលនេះបង្ហាញនូវភាពមើលងាយយើងយ៉ាងខ្លាំង ។ ខ្ញុំយល់ថា សកម្មភាពរបស់កងទ័ពថៃនៅពេលនេះ វាមិនគោរពយើងនិងកិច្ចព្រមព្រៀងទេ ព្រោះគេយកអាវុធឡើង លើប្រាសាទសូម្បីតែយើងយកម៉ាស៊ីនថតឬ GPS ក៏គេមិនឱ្យយកចូលដែរ” ។លោករដ្ឋលេខាធិការបានឱ្យដឹងទៀតថា គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានចំនួន៦៥នាក់ បានឡើងទៅកាន់ប្រាសាទតាមាន់ធំជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃដើម្បីធ្វើពិធីតាមព្រះពុទ្ធសាសនា នៅ លើប្រាសាទ ប៉ុន្តែគ្រាន់តែក្រុមប្រតិភូយកម៉ាស៊ីន GPS ធ្វើការវាស់ភូមិសាស្ត្រក៏ត្រូវបានគេដកហូត ហើយ យកទៅបោកកំទេចចោល ។ លោករដ្ឋលេខាធិការបន្ថែមថា “ថៃបង្ហាញពីអាកប្បកិរិយាមិនល្អ មកលើ គណៈប្រិតភូយើង សកម្មភាពនេះវាសាហាវពេក ប្រាសាទតាមាន់ធំជារបស់យើងតែទាហានថៃរូបនោះ បង្ហាញចរិតលក្ខណៈដូចជាម្ចាស់ប្រាសាទ។ រដ្ឋាភិបាលយើងគួរជជែកគ្នាជាមួយថៃឡើងវិញ ប៉ុន្តែទាហាន យើងបានធ្វើការអត់ធ្មត់មិនតបតជាមួយទេ” ។ទោះបីជាយ៉ាងណាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសកាលពីពេលថ្មីៗនេះថា ប្រាសាទតាមាន់ធំ និងប្រាសទតាមាន់តូចស្ថិតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកហា ណាំហុង ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងការបរទេស បានថ្លែងថា គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ នឹង ធ្វើការពិភាក្សាគ្នានៅក្នុងប្រទេសកម្ពុជាស្តីអំពីការវាស់វែងនិងកំណត់ព្រំដែនរវាងកម្ពុជា-ថៃ នៅដើមខែតុលា ឆ្នាំ២០០៨។ លោកហោ ណាំហុង បន្តទៀតថា រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងធ្វើកិច្ចប្រជុំគ្នាលើកទី៣ នៅក្នុងប្រទេសកម្ពុជាស្តីអំពីបញ្ហាប្រាសាទតាមាន់ បន្ទាប់ពីគណៈកម្មការព្រំដែនទូទៅនៃប្រទេសទាំង២ ជួបគ្នារួច។ លោកបន្តថា ការដកកងទ័ពនិងដករបងលួសបន្លាចេញពីប្រាសាទតាមាន់ធំ ដែលភាគីថៃ បានធ្វើកន្លងមកនោះ លោកក៏បានស្នើទៅភាគីថៃនៅក្នុងកិច្ចប្រជុំលើកទី២ នៅឯ ហួហ៉ីន ក្នុងប្រទេសថៃ កាលពីថ្ងៃទី១៨-១៩ សីហា ២០០៨ ដែរ ។លោកយឹម ធិន អភិបាលរងខេត្តឧត្តរមានជ័យ បានមានប្រសាសន៍បញ្ជាក់តាមទូរស័ព្ទថា ទាហានថៃ ពិតជាបានដកយកម៉ាស៊ីន (GPS) របស់ក្រុមប្រតិភូនៃក្រសួងវប្បធម៌ កាលពីរសៀលថ្ងៃទី២០ សីហា ពិត មែន ព្រោះពេលនោះមានចំនួនអ្នកចូលទៅទស្សនាប្រាសាទតាមាន់ធំច្រើនពេក ដែលគេបានហាមឃាត់មិន ឱ្យយកចូលតែអ្នកយកចូលនោះមិនឮ ពេលនោះនៅពេលគេឃើញយកម៉ាស៊ីន (GPS) ធ្វើការវាស់វែង គេក៏ដកយកទៅ។ លោកអភិបាលរងខេត្តបន្តថា “ទាហានថៃពិតជាបានឆក់យកម៉ាស៊ីន (GPS) ពីដៃរបស់ និស្សិតម្នាក់ដែលបានដាក់នៅក្នុងហោប៉ៅអាវចូលទៅក្នុងបរិវេណប្រាសាទនោះ ។ ខ្ញុំបានឃើញគេ បោកម៉ាស៊ីន (GPS) នៅចំពោះមុខខ្ញុំ” ។ លោកបន្តថា “យើងបានធ្វើការអត់ធ្មត់មិនតបតជាមួយថៃទេ ព្រោះយើងគោរពថ្នាក់ដឹកនាំយើង ដែលឱ្យអត់ធ្មត់” ។លោកចាន់ បច្ឆិរា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដែលបានចូលទៅកាន់ ប្រាសាទតាមាន់ធំនេះដែរ បានឱ្យដឹងថា ខណៈនោះគណៈប្រតិភូកម្ពុជា ត្រូវបានក្រុមទាហានឈុតខ្មៅសៀមកំណត់ឱ្យចូលប្រាសាទចំនួន ២វគ្គ។ លោកបន្តថា ក្រុមប្រតិភូក្រសួងវប្បធម៌បានចូលទៅដល់ទីតាំងប្រាសាទវគ្គទី១ នៅវេលា ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ សីហា ។ មន្ត្រីដែលត្រូវបានក្រុមទាហានសៀមឆក់យកម៉ាស៊ីន GPS ទៅ បោកកំទេចនោះ គឺលោកផាត់ ណាឌី ជាមន្ត្រីអគ្គនាយកដ្ឋានបេតិកភណ្ឌបានកាន់ GPS ចូលទៅក្នុង ប្រាសាទនោះ ហើយត្រូវក្រុមទាហានឈុតខ្មៅសៀមឃើញក៏កញ្ឆក់ពីដៃលោកបោកកំទេចចោល និងយក ជើងជាន់ឈ្លីថែមទៀត ។បើតាមសេចក្តីរាយការណ៍ពីមន្ត្រីយោធា នៅក្នុងតំបន់នោះបានឱ្យកោះសន្តិភាពដឹងថា ក្រុមទាហានឈុតខ្មៅ សៀមនៅតែមានការតឹងរ៉ឹងក្នុងការចូលទៅកាន់ប្រាសាទតាមាន់ធំដដែល ។នេះបង្ហាញពីភាពមើលងាយខ្មែរខ្លាំងណាស់របស់សៀម ដែលយើងជាខ្មែរគ្រប់រូបមិនអាចទទួលយកបាន។kohsantepheapdaily.com.kh




