ឆ្កួត ៨ យ៉ាង (បទពាក្យ ៧)

 

ដោយ : នូច ជឹម

 

*លោកិយយើងនេះពិបាកណាស់

 

ទោះក្មេង ឬចាស់ កើតរោគា

 

ជួនភ្លេចសតិស្ទើរលេលា

 

មិន សូវ ជាមានច្រើនគគោ ។

 

*ខ្លះជា កម្មុម្មត្តកោ

 

ចិត្តចើងធំប៉ោដោយរាគរោគ

 

កើតឆ្កួតព្រោះអំពើស្មោកគ្រោក

 

ដ្បិត អី សត្វ លោកនេះមានកម្ម 

 

កម្មទាញ់ឲ្យឈ្លក់ក្នុងកាមា

 

វក់តាមតណ្ហាជាប្រចាំ

 

ស្រវឹងក្នុងកាមគុណទាំងប្រាំ

 

គឺកម្ម នាំ ឲ្យ ឆ្កួតលេលា ។

 

*ប្រុសខ្លះឆ្កួតស្រកើតក្បត់ចិត្ត

 

ហ៊ានប្រព្រឹត្តផិតនឹងភរិយា

 

ត្រូវរ៉ូវស្រីស្នេហ៍កាត់រកគ្នា

 

នេះហៅ លេលា គឺឆ្កួតស្រី ។

 

*ឯស្រីៗខ្លះក៏ហ៊ានផិត

 

ប្រព្រឹត្តក្បត់ចិត្តនឹងស្វាមី

 

ជួប ប្រុស ពេញចិត្តល្បួងបេតី

 

ផឹតឆ្កួតក្បត់ប្ដីដោយរាគា ។

 

* កោធុម្មត្តកស ឆ្កួតទីពី

 

ឆ្កួតវិលវក់វីព្រោះក្រោធា

 

បណ្តោឲ្យចិត្ត ឆ្កួត ឥតជា

 

ខឹងគេគ្រប់គ្នាជេរមិនឈប់ ។

 

*ទាស់ចិត្តប្រពន្ធជេរបញ្ចោរ

 

ដោយក្ដីទោសោស្រវឹងជ្រប់

 

តែទើសមុខហើយឥតធម៌ទប់

 

ខន្តីទំនប់មិនកាន់យក ។

 

*បណ្ដោយឲ្យចិត្តអសុរ 

 

ចូល ជេរដៀលត្រកូលឥតគិតភ្នក

 

ខឹងកូនខឹងចៅជេគំហក

 

ញាតិមិនរាប់រកព្រោះគេខ្លាច ។

 

*ដ្បិតអីអ្នកឆ្កួតដោយកំហឹង

 

ឲ្យតែកើតខឹងប្រើអំណាច

 

ជនឆ្កួតពួកនេះចិត្តកោងកាច

 

នាំឲ្យគេខ្លាចគ្រប់អាត្មា ។

 

* ទីបី មោហុម្មត្តកោ

 

ឆ្កួតព្រោះមោហោខ្វះបញ្ញា

 

វង្វេងមិនស្គាល់ព្រះធម្មា

 

អ្នកផង គេរៀរ មិនហ៊ានគប់ ។    

 

*ជួនឆ្កួនភ្លេចជាតិភ្លេចត្រកូល

 

ដ្បិតមោហ:ចូលពេញខ្លួនស៊ប់

 

អាប់ឥតបញ្ញាងងឹតជ្រប់

 

ឆ្កួតឥត ធម៌ ទប់មិន ស្គាល់ បុណ្យ ។

 

*ភ្នែកភ្លឺដូចខ្វាក់មិនស្គាល់ផ្លូវ

 

យល់ខុសជាត្រូវឆ្កួតនេះកុន

 

ពួកនេះបើបានជាដើរមុន

 

នាំគេ ឲ្យ ស៊ុន ឆ្កួត តាមដែរ ។

 

*បើដឹកនាំគេក្នុងជំនុំ

 

អាចមានគ្រោះធំដោយសារតែ

 

នាំគេឲ្យខុសដូចខ្លួនដែរ

 

មោហោ បង្វែរ ឲ្យ លេលា ។

 

* ទិដ្ឋុម្មត្តកោ ឆ្កួតទីបួន

 

ឆ្កួតនេះមួនមើលមិនជា

 

ប្រកាន់ទិដ្ឋិផ្ទុយធម្មា

 

ទាញ់គេគ្រប់គ្នាឲ្យតាមខ្លួន ។

 

* យក្ខុម្មត្តកោ ឆ្កួតទីប្រាំ

 

អាក្រក់សាំញាំពេញចំនួន

 

ឆ្កួតព្រោះយក្សចូលនៅពេញខ្លួន

 

សំដីខុសផ្ទួនប្លែកធម្មតា ។

 

ពាក្យយក្សនេះគឺបិសាចប្រាយ

 

ចូលមកទម្លាយឲ្យមោហា

 

ចេញសំដីខ្មោចឬអ្នកតា

 

ដែលយើងហៅថាខ្មោចព្រាយចូល ។

 

*ខ្មោចយក្សចូលខ្លួនក្លែងនិយាយ

 

ហាក់មានប្រេតព្រាយមកមីរមូល

 

ឆ្លើយឆ្លងញ័រញាក់ខ្មោចចេញចូល

 

អ្នកស្រុកបបួល គ្នាបន់ស្រប់ ។

 

* ប្រាំមួយ បិត្តុម្មត្តកោ

 

ជួនដោះអាវខោឆ្កួតអាប់អន់

 

កម្រើកប្រមាត់វិលឥតស្រន់

 

ឆ្កួតមិនអាច បន់ ស្រន់ជាបាន ។

 

គឺឆ្កួតមែនទែនហៅវិកល

 

ឆ្កួតលែងដឹងយល់ដើមដាន

 

សរសៃប្រាសាទភ្លេចវិញ្ញាណ

 

ជួនព្យាបាល បានជួនដូចសត្វ ។

 

* ប្រាំពីរ សុរុម្មត្តកោ

 

អាឡេអាឡោស្មារតីបាត់

 

ឆ្កួតព្រោះសុរាអាក្រក់ក្តាត់

 

ដូចខូចប្រមាត់ មិន អាចកែ ។

 

គឺឆ្កួតប្រមឹកគ្រប់វេលា

 

មិនសូវដែលជារាល់់ថ្ងៃ-ខែ

 

បើស្រវឹងហើយរលាតែ

 

ជេរឪជេរម៉ែកូនប្រពន្ត ។

 

ដំណើរទ្រេតទ្រោតសំដីខ្មោច

 

ក្លិនខ្លួនអសោចិ៍កើតមោហន្ធ

 

សតិបញ្ញាខ្សោយឱនទន់

 

ផឹកឆ្កួតមិនស្រន់ហៅឆ្កួតស្រា ។

 

* ឯ ព្យសនុម្មត្តកោ

 

មិនចេះបញ្ជោរជេរអ្នកណា

 

ឆ្កួតព្រោះវិនាសព្រាត់គ្រួសសារ

 

មាតាបិតាកូនប្រពន្ធ ។

 

ទៅជាវិកលឆ្កួតស្រែកយំ

 

សោកោសៅក្ដៅងំថ្លើមប្រមាត់

 

សង្រេងខ្សឹកខ្សួលមិនងាយបាត់

 

នេះចាត់ថាឆ្កួតទីប្រាំបី ។