
|
| | | |
- | នេះបទព្រហ្មប្រាជ្ញប្រាយ | ខ្ញុំអធិប្បាយលើកល្បត់ល្បង |
| ប្រដៅកូនចៅផង | ចងជាច្បាប់ខុសនិងត្រូវ។ |
- | កត្ដិកខ្នើតគ្នេរគ្នាន់ | ក្នុងវស្សន្ដរដូវ |
| ទឹកស្រែជនលេចស្រូវ | នៅសំណល់សំណាបខ្ចី។ |
- | កិរកាលពីព្រេងព្រឹទ្ធ | ដើមគំនិតពីសេដ្ឋី |
| ខ្ញុំលើកកិរកាលថ្មី | តែងសេចក្ដីជាបរមត្ថ។ |
- | ក្នុងថ្ងៃពេញបរមី | ម៉ោង៨ព្រលប់ស្ងាត់ |
| ឆ្នាំចរចត្វាក្សត្រ | ផាត់សករាជកន្លងឆ្ងាយ។ |
- | សាសនាព្រះសមណៈ | បានពីរពាន់បួនរយបា្លយ |
| ហុកសិបឆ្នាំកំចាយ | ចាត់អធិប្បាយពីខុសត្រូវ។ |
- | កិរកាលដំណាលទុក | ជាទំនុកដំណែលនៅ |
| តំណតរៀងទៅ | តំរូវចិត្ដជនប្រុសស្រី។ |
- | កូនអើយពាក្យអាពុក | ជាទំនុកទំនើបថ្មី |
| អនិស្រាយរាយបាលី | អាពុកស្ដីឲ្យកូនស្ដាប់។ |
- | គួរស្ដាយកេរ្ដិ៍ម៉ែឪ | កិរិយាត្រូវឲ្យខំត្រាប់ |
| កិរិយាណាខុសច្បាប់ | គួរក្រឡប់ក្រឡាស់ចោល។ |
- | ម្ដាយអាពុកនិងកូន | បីដូចខ្លួននិងស្រមោល |
| ឃើញខុសកុំដេញដោល | កុំថ្កោលទោសអ្នកមានគុណ។ |
- | ល្ងង់ខ្លៅត្រូវតែសួរ | ពាក្យឲ្យគួរកុំឲ្យស៊ុន |
| យកពាក្យផ្អែមជាមុន | ទន់លំទោនឱនប្រតិបត្ដិ។ |
- | ទោះឪម៉ែស្លូតកាច | គួរតែខ្លាចដូចមហាក្សត្រ |
| ម្ដាយជេរពីរបីមាត់ | គួរតែស្ងាត់ស្ងៀមឲ្យឈឹង |
- | ប្រដៅត្រូវតែស្ដាប់ | យកតំរាប់កុំទទឹង |
| ម្នោះម្នះចចេសរឹង | នឹងហើយហៅកូនសេសកម្ម។ |
- | ធម៌អាថិចេះតែភ្លេច | ជេរប្រទេចចេះតែចាំ |
| អាពុកពត់ទៅស្ដាំ | អកុសលកម្មទាញទៅឆ្វេង។ |
- | អវជាតិបុត្រ | ខូចបំផុតតាំងពីក្មេង |
| ប្រព្រឹត្ដព្រើលផ្សេងៗ | បើលេងអ្វីស្ដីមិនស្ដាប់។ |
- | មិនស្ដាយជាតិកំណើត | ល្ងង់ស្លុតស្លើតដល់ចាស់ស្លាប់ |
| ត្រឹមត្រូវមិនសូវស្ដាប់ | ព្រួយគេប្រាប់ទាំងយប់ថ្ងៃ។ |
- | ម៉ែឪមានគុណណាស់ | មិនសំពះខ្លាចអៀនដៃ |
| បើអ្នកក្រៅដទៃ | វិស័យសោះសំពះបាន។ |
- | ឆ្លើយបាទចះចា៎ខ្ញុំ | រាបរម្យទមនឹងសន្ដាន |
| ម៉ែឪឯងក្នុងឋាន | ហ៊ានឆ្លើយអីអញអឺអើ។ |
- | អនុជាតិបុត្រ | ស្លូតបំផុតស្រណុកប្រើ |
| ប្រកបការប្រសើរ | ដើរតែតាមលំអានឪ។ |
- | ប្រដៅទទួលយក | ចេះលៃលកស្ដាប់ខុសត្រូវ |
| ស្រណុកញាក់ធ្លាក់ផ្លូវ | មិនសូវភ្លេចដំបូន្មាន។ |
- | អតិជាតិបុត្រ | ល្អបរិសុទ្ធស្ដាប់សីលទាន |
| នាំឪទៅនិព្វាន | ឈានទៅរកកន្លែងសុខ។ |
- | ចេះលើសគេដរាប | ជឿបុណ្យបាបប្រេតនរក |
| មិនល្មោភនឹងមូត្រលាមក | ភ័យនឹងភក់ភពសង្សារ។ |
- | នេះគឺដើមបាលី | បុត្រទាំងបីបែបកិរិយា |
| ស្រលាញ់ណាស្អប់ណា | តាមសញ្ញាចូលចិត្ដចុះ។ |
- | អវធ្លាក់ផ្លូវក្រោម | ប្រព្រឹត្ដព្រមតែខាងខុស |
| អតិជាតិមារយាទខ្ពស់ | អនុនោះយ៉ាងកណ្ដាល។ |
- | មតិ១០០មានមួយ | គួរតែស្ទូយដាក់លើក្បាល |
| អវគឺស្រើបស្រាល | ត្រអាលយកតែពីរយ៉ាង។ |
- | អតិជាតិកំណើត | គំនិតកើតពីកសាង |
| កុសលតំកល់ខាង | សំណាងកើតពីគំនិត ។ |
- | អនុអានាងអើយ | ខ្លួនធំហើយឲ្យចេះគិត |
| ចេះកាញ់ស្គាល់ឆ្ងាយជិត | ប្រព្រឹត្ដយកតែខាងត្រូវ។ |
- | រៀនរិះរកទ្រព្យធន | យកប្រពន្ធមើលធុនឪ |
| ធុនថើកជ្រកខុសត្រូវ | អ្នកកុំទៅខ្លាចបន្លា។ |
- | ផ្លូវវៀចកុំបោះបង់ | ផ្លូវព្រៃត្រង់កុំយាត្រា |
| ឈានឈរពិចារណា | ឆ្ការឲ្យស្អាតសឹមដើរទៅ។ |
- | កុំដើរភ្លើភ្លេចខ្លួន | ខ្លាចក្រែងជួនធ្លាក់ជ្រោះជ្រៅ |
| ជ្រកម្លប់សំណាក់នៅ | កុំបោះពៅផ្ទប់គល់ឈើ។ |
- | ឆេះខ្លោចសំបកក្រោម | ស្រពោនញមស្លោកស្លឹកលើ |
| មានភ្នែកឲ្យចេះមើល៍ | កុំល្ងីល្ងើល្ងង់ល្ងិតពេក។ |
- | រៀនដើរឲ្យមើលផ្លូវ | ធ្វើស្រែស្រូវឲ្យមើលមេឃ |
| ម្លប់ធ្លកធ្លាប់ជ្រកដេក | ជាដំណេកអ្នកដំណើរ ។ |
- | ដំណែលដែលគេដាក់ | ជាដំណាក់ទំនូលផ្ញើ |
| ចំណាំចាំគ្រាន់បើ | ដើរក្រោយៗគ្រាន់ជ្រកទៀត។ |
- | ឈើណាទោសសត្រូវ | ដុះជិតផ្លូវនាំចង្អៀត |
| ជំពប់យប់អាធ្រាត្រ | ឆ្លៀតកាប់ចេញកុំទុកវា។ |
- | បន្លាគល់សង្គត់ | គន្លងផុតតែភ្នែកជា |
| ដើរយប់ជំពប់ពារ | ក្រែងគ្រោះគ្នាអ្នកដើរក្រោយ។ |
- | គ្នាមុតកុំចាំផ្ទាន់ | ឃើញគួរជាន់កុំបណ្ដោយ |
| បណ្ដើរមើលខ្លាំងខ្សោយ | ឲ្យពិនិត្យពិចារណា។ |
- | ពាក្យពិតត្រង់ប្រាកដ | ត្រូវច្រើនបទច្រើនប្រការ |
| ប្រកបជាប្រស្នា | ប្រាជ្ញាអាប់ស្លាប់នឹងឆ្ងល់។ |
- | ផ្លូវពិតទាំងជិតឆ្ងាយ | សព្វសុសសាយមិនសេសសល់ |
| អ្នកណាប្រាជ្ញាដល់ | ដឹងយោបល់ច្រើនកន្លែង។ |
- | កូនអើយការកេរ្ដិ៍ឈ្មោះ | កុំចង់រស់តែម្នាក់ឯង |
| គិតអ្វីគិតឲ្យវែង | ក្រែងក្រក្រោយស៊យគំនិត។ |
- | កំណើតរាល់រូបកាយ | ចេញជួញឆ្ងាយស្ដាយជួញជិត |
| ចិញ្ចឹមជន្មជីវិត | គិតឲ្យស្រេចទើបបានស្រួល។ |
- | ធ្វើស្រែចង់បានស្រូវ | ដើមរដូវធ្វើស្រែទួល |
| ស្រែទាបមើលទំនួល | លើកទំនប់ឲ្យមាំមួន។ |
- | កូនអើយកេរ្ដិ៍មេបា | ចាំរក្សាមើលថែថួន |
| ធុញថប់ថយថោកខ្លួន | ជួនជាខ្សត់គេថាខ្សោយ។ |
- | ស្រូវខ្សោយអង្ករថ្លៃ | លក់សំចៃទុកឆ្នាំក្រោយ |
| អ្នកក្ររកញយៗ | ឲ្យអ្នកសុំជាងអ្នកខ្ចី។ |
- | សប្បុរសពេកថយធន | មូទូជនថយរាសី |
| ប្រពន្ធល្អច្រើនអាប់ប្ដី | ពាក្យអប្រិយចាញ់អាត្មា។ |
- | ឈើផ្លែចាញ់សន្លឹក | ត្រីវរវឹកទឹកមិនថ្លា |
| កំណាញ់ក្រៅតំរា | សោតសឹងអាប់ប្រយោជន៍យស។ |
- | នឹងឲ្យៗមើលភាព | ឲ្យអ្នកទាបជាងអ្នកខ្ពស់ |
| អ្នកទិញឈប់សិនចុះ | ក្នុងតែរស់មិនស្លាប់ងាយ។ |
- | កំណាញ់ហួសកំណត់ | ពាក្យអ្នកខ្សត់ខ្សបនិយាយ |
| ទេវតាផ្ដន្ទាទាយ | រលាយអស់រលស់ឯង ។ |
- | សទ្ធាមើលធនធាន | ជាតិអ្នកមានមិនអង្វែង |
| កំណាញ់ដោយកន្លែង | ក្រែងគ្រោះក្រដល់ឆ្នាំក្រោយ។ |
- | អ្នកក្រខ្ចីនេះកុំ | អ្នកមានសុំនេះគួរឲ្យ |
| អ្នកប្រាជ្ញអង្គាសញយ | អស់ក៏ដោយឲ្យទៅចុះ។ |
- | អ្នកក្របានជាហាម | ពិបាកតាមទៅឯណោះ |
| ទាល់ទឹកចូលច្រមុះ | ច្រើនកើតឈ្លោះពីព្រោះយល់។ |
- | អ្នកមានគេមានខ្មាស | សងរហ័សមិនអំពល់ |
| ជួនយើងមានរវល់ | គេស្គាល់មុខស្រណុកខ្ចី។ |
- | អ្នកក្រៗទាំងចិត្ដ | ស្រូវឆ្មារល្ឥតឲ្យមើលល្អី |
| វាល់ល្អកន្ដាំងបី | ទាន់ស្រូវថ្មីទារឆាប់បាន។ |
- | ជួនក្រែងឯងក្រវិញ | ទោះដូរទិញមើលប្រមាណ |
| ជឿបុលខ្ចីសន្ដាន | កុំហ៊ានពារកញ្ជើធំ។ |
- | ខ្លួនក្រកំចង់ធាត់ | កុំងាកមាត់អាងតែសុំ |
| ជឿខ្ចីល្អីក្រមុំ | ស្រូវឯងទុំស្រណុកសង។ |
- | បើជឿខ្ចីគេឲ្យ | កុំទៅញយគេឲ្យខ្នង |
| ឯណេះឯណោះផង | កុំច្រើដងគេមើលងាយ។ |
- | ក្រលុយកុំងុយដេក | ចូលដំណេកកុំនិយាយ |
| សំពត់ញាត់សំពាយ | រាយរើសរៀបញាត់សំពៀត។ |
- | រៀបដេកសំពះគុណ | កុំដេកស៊ុនឲ្យប្រុងស្នៀត |
| ភ្លើងឆេះយប់អាធ្រាត្រ | កណ្ដៀតទូលប្រមូលរត់។ |
- | ខ្លួនរាស្រ្ដក្រមាសប្រាក់ | ភើចកន្រ្ដាក់អាវសំពត់ |
| ទំរាំភ្លើងរលត់ | ស្លៀកផ្គង់ផ្គត់សោះខ្មាសគេ។ |
- | កូនអើយគិតឲ្យគ្រប់ | រៀងរាល់យប់កុំទំនេរ |
| ជាងដេកលក់ទទេ | យល់សប្ដជេរបីសាចក្រៅ។ |
- | ទំលាប់មាត់មមើ | ស្រែកថាយើៗ អៅៗ |
| ចោរខ្មាំងខ្មោចចិត្ដខ្មៅ | ហៅមេខ្មៅវ៉ៃឲ្យខ្មុក ។ |
- | ដេកផ្អៀងជាងអង្គុយ | ល្ងាល្ងាន់ល្ងុយកុំទ្រាំងក់ |
| ពីល្ងាចដេកពុំលក់ | មាន់រងាវជក់ស៊ីម្លូស្លា។ |
- | ជាងល្ងឹតឥតអំពើ | ឥតអ្វីធ្វើសូត្រធម៌អាថិ |
| បើច្បាស់វិបស្សនា | ស្មាស្មាធស្មឹងប្រឹងឲ្យស្មោះ |
- | គងខ្នើយដេកកើយស្មុគ្រ | គ្របឲ្យសុខសូត្រអំបោះ |
| កុំដាក់ដោយកៀនកោះ | អស់នឹងសត្វកណ្ដៀរកោរ។ |
- | កណ្ដុរកន្លាតកាត់ | ដល់កំណាត់ខានដេរខោ |
| ជួនកាលមានអាចោរ | លលបលួចលីទៅបាត់។ |
- | កុំដាក់ឆ្ងាយប្រយោល | ទុកជាចោលមិនប្រយ័ត្ន |
| ប្រយោជន៍យប់យាមស្ងាត់ | បង្កាត់ភ្លើងបង្គោលគោ។ |
- | បង្ការក្រែងមូសខាំ | ត្រូវចំណាំខ្យល់ជំនោរ |
| បាយកកផ្អកម្ហូបជោរ | ឲ្យអាលោស៊ីចាំសេះ។ |
- | កំណើតឆ្កែញីឈ្មោល | ដេកចំណូលតែនិងផេះ |
| រៀនប្រើមើលចំណេះ | រិះចំណាំតាមកិរិយា។ |
- | ទោះប្រើកូនតូចធំ | រឺប្រើខ្ញុំឲ្យធ្វើការ |
| ធ្វើកលយល់ប្រាជ្ញា | អាណាហ៊ានប្រើទៅឆ្ងាយ។ |
- | អាខ្លាចប្រើតែជិត | ឥតគំនិតប្រើរៀងអាយ |
| ខុសម្ដងកុំជេរម្ដាយ | ពេលដល់បាយកុំនាំឈ្លោះ។ |
- | មនុស្សឃ្លានវាហ៊ានឆ្លើយ | ស៊ីរួចហើយបន្ទោសចុះ |
| បានឆ្អែតប៉ោងពេញពោះ | ស្ដីខុសត្រូវមិនសូវខឹង។ |
- | កូនអើយពាក្យអាពុក | ចំណាំទុកពីត្រឹមណឹង |
| ធ្វើប្រុសឲ្យខំប្រឹង | រៀនឲ្យដឹងស្គាល់ពុតស្រី។ |
- | មារយាទនិងមាយា | ម្យ៉ាងចិត្ដជាចេះថ្នមប្ដី |
| ប្ដូរស្លាប់រស់វាហី | យកពីរបីនេះមិនបាន។ |
- | កុំលោភច្រើនៗព្រួយ | យកតែមួយសុខក្សេមក្សាន្ដ |
| ចិត្ដស្រីទាំងប៉ុន្មាន | ហ៊ានប្រមូលម៉ៅមិនខុស។ |
- | មិនខូចគ្រប់តែស្រី | ល្អពីបីចាំទុកចុះ |
| ជាតិស្រីលោភលើប្រុស | នោះមិនខុសស្រីណាមួយ។ |
- | ខ្លាំងខ្សោយកុំឲ្យខ្សត់ | ទោះនឿតហត់កុំលំអួយ |
| ធ្វើប្រុសតែងតែព្រួយ | ស្រីមិនជួយកុំត្អូញត្អែរ។ |
- | ខ្លួនខ្លាំងកុំគិតខ្លាច | ស្រីៗកាចស្លូតដោយខែ |
| រដូវធ្វើស្រូវស្រែ | ចែប៉ប្រែស្ដីលើប្រុស។ |
- | ខែស្ទូងនិងខែច្រូត | កាចរហូតដល់ខែបុស្ស |
| ខែបែនបោករលស់ | រលីងអស់អំពីដី ។ |
- | ជញ្ជូនដាក់ជង្រុក | ពូជពេញទុកស្បោងពីរបី |
| ដំណើបបួនដប់ល្អី | ស្រីៗស្លូតហើយខែហ្នឹង។ |
- | ស្លូតផុតនៅខែមាឃ | ស្ដីធ្ងន់ពាក្យមិនសូវខឹង |
| បើប្រុសៗមិនដឹង | ប្រឹងតែព្រួតស្អប់ស្រីៗ។ |
- | ម្យ៉ាងទៀតមារយាទខូច | មាយាបេះក្រូចមាយាដកខ្ញី |
| មានប្រុសសហាយថ្មី | រឹតថ្នមប្ដីមិនឲ្យអាក់។ |
- | អីអើតែមាត់ក្រៅ | ចិត្ដមួម៉ៅគ្មានត្រជាក់ |
| ត្រីសាច់ល្អលួចលាក់ | ដាក់តែឆ្អឹងឲ្យឯងស៊ី។ |
- | បញ្ជោរចេះបញ្ចើ | បញ្ឆោតប្រើឯងវក់វី |
| វរវឹកព្រួតប្រុសពីរ | ស៊ីទាល់ងាប់គាប់សងខាង។ |
- | មួយទៀតផិតកំលោះ | ស្រលាញ់ស្មោះស្ម័គ្រអស់យ៉ាង |
| លោមប្ដីលាសំណាង | ទាស់ក្អេងក្អាងទារសំបុត្រ។ |
- | បើប្ដីមិនព្រមលែង | លបជំទែងជំទយរត់ |
| មួយទៀតខូចបំផុត | មាត់ឲ្យប្រុសសំលាប់ប្ដី។ |
- | ម្យ៉ាងទៀតមារយាទជា | មានច្រើនគ្នាក្នុងលោកិយ |
| ប្រាកដពេញជាស្រី | ប្រុសពីរបីស្មាលាកម្ម។ |
- | ស្លាប់រស់មួយនឹងមួយ | មិនចង់ព្រួយយកប្រុសប្រាំ |
| ប្ដីស្លាប់បួនដប់ឆ្នាំ | ចាំសីលទានមិនមែនទៀត។ |
- | ធ្វើបុណ្យផ្សងសច្ចា | សុំប្រាថ្នាជួបរាល់ជាតិ |
| អុចធូបដេកឱបធាតុ | កណ្ដៀតថោកោរកាន់ទុក្ខ។ |
- | និយាយពីពុតប្រុស | ចូរចាំចុះជាទំនុក |
| ដំណតទៅមុខ | អាពុកប្រាប់ឲ្យស្រីចាំ។ |
- | ប្រពន្ធមួយមិនស្កប់ | ប្រពន្ធដប់គ្រាន់តែស្កាំ |
| កាចស្លូតរហូតឆ្នាំ | រាំដរាបរាល់រូបា។ |
- | កាចម្យ៉ាងខាងល្ងាចព្រឹក | រឿងបាយទឹកថ្នាំម្លូស្លា |
| កាចម្យ៉ាងខាងធ្វើការ | ម្យ៉ាងទៀតណារឿងប្រចណ្ឌ។ |
- | ប្រជុំជាតិចិត្ដប្រុស | ត្រូវនិងខុសជាកំណាន់ |
| គំនិតល្អសំខាន់ | ប្រកាន់មើលអិរិយាបថ។ |
- | ប្រចណ្ឌរាវរាលឈ្មោះ | ច្រើនកើតឈ្លោះទៅជាខ្សត់ |
| មួយឃើញជាក់ប្រាកដ | ប្រកៀកចាប់ធ្វើទោសបាន។ |
- | លកលៃតែខាងប្រុស | ប្រពន្ធខុសបង្អង់ខាន |
| ខូចម្ដងខាតប៉ុន្មាន | រាប់អានឱបក្រសោបទៀត។ |
- | មួយលកលៃទាំងពីរ | នៅរកស៊ីដោយសារញាតិ |
| ស្រីមាយាឥតមារយាទ | ស្មាលាជាតិមិនឲ្យជួន។ |
- | ប្រចណ្ឌទាំងបីបទ | គួរគួចកត់ទុកក្នុងខ្លួន |
| លក់ពីរពេញចំនួន | គួនគុំទុកយកជាច្បាប់។ |
- | ប្រចណ្ឌហើយយកទៀត | ហៅជួជាតិមារយាទអាប់ |
| កូនណាយកតំរាប់ | ស្លាប់នឹងស្រីៗមើលងាយ។ |
- | ទោសតិចកុំទាញផ្សំ | ឃើញមិនចំកុំនិយាយ |
| កុំចាប់ស្ទើររវើរវាយ | នាំឲ្យវល់អំពល់ចិត្ដ។ |
- | ពុតប្រុសនិងពុតស្រី | ចប់សេចក្ដីពីក្បត់ផិត |
| រៀងរើសណាសុខចិត្ដ | គិតសំគាល់រាល់រូបកាយ។ |
- | បើមានកូនក្រមុំ | គួរតែកុំបណ្ដោយឆ្ងាយ |
| ឲ្យមើលនាយមើលអាយ | ស្រេចនៅម្ដាយរក្សាកូន។ |
- | ប្រយ័ត្នកុំឲ្យឃ្លាត | ភ្លាត់មារយាទមិនសុទ្ធសូន្យ |
| កុំទុកចិត្ដបងប្អូន | ជីដូនមួយជួយរក្សា។ |
- | ក្រមុំមានម្រាក់មិត្រ | មេមួយគិតនាំកិច្ចការ |
| កុំជឿចិត្ដនរណា | មើលកិរិយានៃកូនឯង។ |
- | ទោះស្ទូងដកយប់ថ្ងៃ | ដើរយកដៃដាច់សង្វែង |
| ប្រុសខូចលួចបន្លែង | តែទាស់ភ្នែកបែកមេបា។ |
- | ច្រើនណាស់តែសែនខ្មោច | កេរ្ដិ៍អាសោចផុតអាសា |
| នាំកូនឡើងសាលា | គេថាឲ្យជំងឺចិត្ដ។ |
- | បើមានកូនប្រសា | មិនទាន់ការគួរឲ្យប្រិត |
| កុំឲ្យបំរើឆ្ឥត | អាណិតវាៗសងគុណ។ |
- | យប់ថ្ងៃចូលប្រតិបត្ដិ | គាតក្រវាត់រត់រែកពុន |
| អាចនឹងច្រើនជឿមុន | ស៊ុនអំពីឪពុកម្ដាយ។ |
- | រក្សាកូនប្រពន្ធ | រកទ្រព្យធនចង់ធូរចាយ |
| ជួញជិតកុំជួញឆ្ងាយ | ជួញរៀងអាយរក្សាគុណ។ |
- | អំពើបាបកុំរៀន | កុំអៀនប្រៀនក្នុងការបុណ្យ |
| លាងទោសចេញជាមុន | ទើបធ្វើបុណ្យចំរើនផល។ |
- | បើនឹងចង់គង់ទ្រព្យ | កុំទំលាប់សាងអកុសល |
| របិញរបុញវៀចកាចកល់ | ទេវតាផ្ដល់ផ្ដាច់ធនធាន ។ |
- | កុំឈ្នានិសអ្នកខ្សត់ | កុំបំភ្លាត់ទ្រព្យអ្នកមាន |
| បើខ្លួនខ្សត់អត់ឃ្លាន | រៀនតែរកតាមទៀងត្រង់។ |
- | ជួញខាងកុំឈប់ខាន | បើចង់បានកុំខ្លាចបង់ |
| ខ្លាចបាត់ឲ្យផ្ចិតផ្ចង់ | ប្រុងថែទាំឲ្យមាំមួន។ |
- | កុំភ្លើធ្វើជាភ្លេច | ភ្លាត់បន្ដិចខ្លាចក្រែងជួន |
| ក្រែងចោរចូលមកពួន | លូនលបលួចយកទ្រព្យទៅ។ |
- | ប្រហែសតែងតែបាត់ | ប្រុងប្រយ័ត្នតែងតែនៅ |
| គិតសព្វគ្រប់ដោយផ្លូវ | សូវទ្រាំនឿយកុំទ្រាំក្រ។ |
- | នៅផ្ទះស្រះរបង | របាចងឲ្យជាប់ល្អ |
| ប្រើប្រាស់ខ្ញុំកំដរ | ឲ្យបរិភោគដោយខ្លួនឯង។ |
- | នឹងប្រើទៅហៅមក | កុំគំហកយកកំហែង |
| កុំហាឡើងហង់ឯង | ក្រែងកំហល់ទល់កំហឹង។ |
- | កុំហួសពាក្យសំដី | ការអ្វីៗឲ្យចេះថ្លឹង |
| កុំប្រើព្រួតលើប្រឹង | ក្រែងកើតខឹងវានាំខាត។ |
- | មនុស្សខឹងច្រើនៗខុស មនុ | ស្សច្រើនឈ្លោះច្រើនប្រមាថ |
| ការល្អច្រើនត្រូវខ្នាត | យើងចង់ស្អាតកុំខ្លាចយូរ ។ |
- | ចង់ប្រាជ្ញឲ្យខំប្រឹង | ចងក្បិនតឹងរកស៊ីធូរ |
| គំនិតមុនគំនូរ | រៀនមានគ្រូមានគេរាប់ ។ |
- | បំរើឪពុកម្ដាយ | អ្នកនៅឆ្ងាយគេច្រើនគាប់ |
| អ្នកណាបំរើខ្ជាប់ | ធ្លាប់តែខុសមិនដែលត្រូវ ។ |
- | ជាតិមនុស្សទោះខ្ពស់ទាប | មិនចោលភាពជាម៉ែឪ |
| ពាក្យមនុស្សវែងជាងផ្លូវ | ស្រូវច្រើនខួបខូចអង្ករ ។ |
- | របស់ទ្រព្យថោកថ្លៃ | ទុកសំចៃលៃឲ្យល្អ |
| អុងអាងពាងក្រឡ | ត្រដរទិញកុំឲ្យខ្វះ ។ |
- | កើតមកជាខ្លួនរាស្រ្ដ | ក្រប្រាក់មាសឲ្យមានខ្មាស |
| សារពើគ្រឿងប្រើប្រាស់ | ឲ្យមានចាស់ឲ្យមានថ្មី។ |
- | ពូថៅដឹងកាំបិត | ពន្លាកខ្វិតចបវែងខ្លី |
| ខ្សែសេះគោក្របី | ឫ្សីផ្ដៅកាច់សង្រែក។ |
- | ការងាយកុំឲ្យក្រ | អាក្រក់ល្អមានដោយឡែក |
| ថ្ងៃនេះរបេះបែក | ស្អែកខំរើធ្វើជាឆាប់។ |
- | ឈ្មោះការប្រើលើដី | កុំចាំស្រីតឿនប្រើប្រាប់ |
| ឲ្យមានគ្រប់ប្រដាប់ | ដំរាប់រាល់ឲ្យសល់ប្រើ ។ |
- | កុំខ្ជិលល្ងង់ខ្លៅពេក | ឲ្យចេះដេកឲ្យចេះដើរ |
| ចេះសព្វគ្រប់ប្រសើរ | កុំចង់ហើរហួសភាពខ្លួន ។ |
- | ចង់ក្ដីឲ្យរៀនច្បាប់ | រស់និងស្លាប់ឲ្យចេះក្បួន |
| ចេះអ្វីចេះឲ្យមួន | កុំបន្លំផ្សំនឹងគេ ។ |
- | កុំដេកចាំសំណាង | កុំក្អេងក្អាងចាំបុព្វេ |
| ខំរកកុំទំនេរ | រេរៀនរិះចេះឲ្យគ្រប់ ។ |
- | នឹងដើរស្វែងរកផល | មិនទាន់ដល់កុំអាលឈប់ |
| ឈានខ្លាំងពេកជំពប់ | បើដេកយប់ឲ្យស្គាល់យាម។ |
- | កុំដេកយូរទ្រមឹក | លក់ហួសព្រឹកខុសទំនៀម |
| តែភ្លឺឡើងភ្ញាក់ភ្លាម | ព្រហាមឡើងក្រោកធ្វើការ ។ |
- | ជាតិមនុស្សទោះប្រុសស្រី | រាស្រ្ដមន្រ្ដីជាធម្មតា |
| ពេលព្រឹកតែងអុស្សាហ៍ | ថ្ងៃក្ដៅល្អាខ្ជិលល្ឥតឆ្អឹង។ |
- | ចង់ធំខំពីតូច | បើខ្លាចខូចកុំឆាប់ខឹង |
| ការអ្វីឲ្យចេះថ្លឹង | កុំប្រឹងជុះតាមដំរី។ |
- | កុំចង់ខ្ពស់ស្មើមេឃ | កុំឱនពេកអាប់រាសី |
| ទោះដើរនិយាយស្ដី | លៃតែល្មមឲ្យគួរសម។ |
- | យល់ឆ្ងាយកុំណាយគិត | ទោះយល់ជិតកុំអាលខំ |
| មិនជាក់មើលឲ្យចំ | ក្រែងច្រឡំសជាខ្មៅ ។ |
- | ទំលាប់ធំជាងច្បាប់ | បើរៀនត្រាប់កុំត្រាប់ខ្លៅ |
| ត្រាប់ប្រាជ្ញអាចប្រដៅ | ស្ដីកូនចៅស្ដីឲ្យស្មោះ។ |
- | ស្មឹងស្មឹលសិល្ប៍របៀន | ឲ្យគេរៀនកុំឲ្យអស់ |
| ស្រលាញ់កុំញេះញ៉ោះ | បើខឹងទាស់កុំឲ្យទាយ។ |
- | ឆ្កែព្រុះកុំព្រួយពេក | ឃើញឆ្កែដេកកុំមើលងាយ |
| កំណប់ដប់សំពាយ | កុំនិយាយប្រាប់សម្លាញ់។ |
- | សំលឹងមើលឲ្យសព្វ | បើនឹងស្អប់កុំអាលបាញ់ |
| ក្ដីឈ្នះគេចុះចាញ់ | កុំក្នាញ់តាមផ្ដន្ទាទៀត។ |
- | បើខឹងកុំរំលោភ | បើនឹងល្មោភឲ្យល្មមមាឌ |
| កុំមាត់ក្រែងភ្លាត់ស្នៀត | វាតហួសវង់ផុតគំនិត។ |
- | កំណើតអាក្រក់ល្អ | មាននិងក្រពីគំនិត |
| ពីកាលបុព្វេពិត | ងងឹតពេកមើលមិនយល់ ។ |
- | ដាំដូងឲ្យខំថែ | ចង់ស៊ីផ្លែឲ្យដុតគល់ |
| បើជួនសំណាងដល់ | រវល់តែស៊ីឆ្ងាញ់ពិសា។ |
- | ប្រាជ្ញប្រិតប្រៀនប្រដៅ | ចូរកូនចៅពិចារណា |
| រំពឹងក្នុងប្រាជ្ញា | ស្រាយបញ្ហានេះឲ្យដឹង។ |
- | ចេះច្បាប់កេរកាលថ្មី | អស់សេចក្ដីតែប៉ុណ្ណឹង |
| កូនប្រុសអ្នកខំប្រឹង | សំលឹងចាំតទៅមុខ ។ |
- | ពីឆ្នាំចតទៅ | ខំធ្វើស្រូវដាក់ជង្រុក |
| អាសូរពាក្យអាពុក | ទុកឲ្យកូនចៅគ្រប់គ្នា ។ |
- | អាពុកកាន់តែចាស់ | ស្ដាយខ្លួនណាស់ចូលជរា |
| ពាក្យពិតប្រាំរយឃ្លា | ជាសូរេចម្ល៉េះឯងហោង។ |
- | អ្នកប្រាជ្ញភិរម្យល្បី | លើច្បាប់ថ្មីអស់ល្បត់ល្បង |
| ឈ្មោះអូ ហៅ ង៉ុយផង | ចងជាច្បាប់សំរាប់ជន ។ |
- | ខ្ញុំសូមផ្សងសច្ចា | កើតជាតិណាសូមមានបុណ្យ |
| មូលកូនមូលប្រពន្ធ | ធនសម្បត្ដិសំបូរចាយ ។ |
- | ស្មាលាក្រលំបាក | សូមជៀសចាកចតុរាបាយ |
| សូមល្អពង្សរូបកាយ | កុំឲ្យឆ្ងាយពីព្រះពុទ្ធ ។ |
- | ប្រាជ្ញាកុំទើសទាស់ | ចេះអាថិធម៌ឲ្យមាំមុត |
| សូមជាប់សីលបរិសុទ្ធ | រលត់ទុក្ខសោករោគភ័យ ។ |
- | អានិសង្សបុណ្យខ្ញុំបាន | សាងប៉ុន្មានក្នុងលោកិយ |
| សម្បត្ដិសួគាល័យ | កុំបីឃ្លាតរវាតវែងឆ្ងាយ ។ |
- | ពីជាតិនេះទៅមុខ | មូលអាពុកជួបមូលម្ដាយ |
| បងប្អូនកុំខ្ចាត់ខ្ចាយ | អធិប្បាយចែងចប់អេវំ ។ |
| អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ | |